ឯកឧត្ថម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា៖ “ខ្ញុំខ្លូនឯងគឺសប្បាយចិត្ត ហើយសង្ឃឹមថារូបចម្លាក់បីបួនទៀតនឹងត្រូវមកដូចគ្នា”។
ឯកឧត្តមរៀបរាប់ពីប្រវត្តិនៃរូបចម្លាក់នេះថា រូបបដិមាទាំងពីរនេះ គឺស្ថិតក្នុងចំណោមរូបបដិមាទាំង៩អង្គ ដែលខ្មែរបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១០ នៅប្រាសាទកោះកេរ្តិ៍ (ខេត្តព្រះវិហារបច្ចុប្បន្ន) ប៉ុន្តែត្រូវបានបាត់ក្នុងអំឡុងទសវត្សរ៍១៩៧០ ខណៈប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិនយោបាយ។
ក្នុងចំណោមរូបបដិមាទាំង៩ដែលបានបាត់កន្លងមក កម្ពុជារកឃើញវិញតែមួយអង្គគត់ គឺកំពុងតម្កល់នៅអភិរក្សអង្គរ ដូច្នេះការវិលមកដល់នៃបដិមាទាំងពីរនេះ ធ្វើឲ្យកម្ពុជាមានរូបបដិមារបស់ប្រាសាទកោះកេរ្តិ៍ចំនួនបីហើយ។ ដូច្នេះកម្ពុជានៅបាត់តែ៦អង្គទៀតទេ។ ឯកឧត្តមសង្ឃឹមថា រូបបដិមាផ្សេងទៀតនឹងត្រឡប់មកកម្ពុជាជាបន្តបន្ទាប់។
ការបញ្ជូនបដិមាទាំងពីរនេះត្រឡប់មកកម្ពុជាវិញ គឺបន្ទាប់ពីក្រុមហ៊ុនដាក់ដេញថ្លៃមួយឈ្មោះថា Sotheby ដាក់រូបបដិមានេះដេញថ្លៃលក់ជាសាធារណៈ ហើយកម្ពុជាបានស្នើសុំឲ្យក្រុមហ៊ុននោះដកចេញពីបញ្ជីដាក់លក់។ ក្រោយពីមានការតស៊ូយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលកម្ពុជា និងមានភស្តុតាងបង្ហាញថាជារបស់ខ្មែរ ព្រមទាំងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក សារមន្ទីរ Metropolitan ដែលដាក់តាំងបង្ហាញរូបចម្លាក់នេះជាសាធារណៈនៅទីក្រុងញូយ៉ក បានសម្រេចប្រគល់រូបបដិមាទាំងពីរមកឲ្យកម្ពុជាវិញ។
រូបបដិមាទាំងពីរនេះមានកម្ពស់ប្រហែល១.២ម៉ែត្រ ហើយនីមួយៗមានទម្ងន់ប្រហែល៩០គីឡូក្រាម។
លោក Maxwell K. Hearn តំណាងសារមន្ទីរ Metropolitanថ្លែងថា រូបចម្លាក់ទាំងពីរនេះគឺមានសារសំខាន់ណាស់សម្រាប់សារមន្ទីរនាទីក្រុងញូយ៉ក ក្នុងការដាក់តាំងបង្ហាញឲ្យមនុស្សទូទាំងសាកលលោកបានស្វែងយល់ពីសិល្បៈខ្មែរ។ លោកថ្លែងពីអារម្មណ៍ថា៖ “យើងច្បាស់ជានឹកដល់រូបចម្លាក់ទាំងពីរនេះចាប់ពីពេលនេះទៅ ប៉ុន្តែភស្តុតាងបានបង្ហាញថា វាជាកម្មសិទ្ធិរបស់កម្ពុជា ដូច្នេះត្រូវតែឲ្យវាត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ”។
ប្រភព ៖ sabay