Wednesday, January 30, 2013

អឹម​ហ្វូន​​ជំពាក់​ Huawei​ $៦៥​​លាន​ ខណៈ​​តុលាការ​​បង្កក​​ទ្រព្យ​

ភ្នំពេញៈ ក្រុមហ៊ុន​ អឹមហ្វូន​ ដែល​ក្ស័យ​ធន​បាន​ជំពាក់​បំណុល​ក្រុមហ៊ុន​ Huawei​ Technologies​ (Cambodia) Co. Ltd របស់​ចិន​ជាង​៦៥​លាន​ដុល្លារ​ខណៈ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ចេញ​ដីកាស​ម្រេច​រក្សា​ការ​ពារ​បង្ខាំង​មិន​ ឲ្យ​ក្រុម​ហ៊ុន​អឹម​ហ្វូន​ លក់​ទ្រព្យ​របស់​ខ្លួន។​ ដីកាស​ម្រេច​របស់​សាលា​ដំបូង​ដែល​ភ្នំពេញប៉ុស្តិ៍​ ទទួល​បាន​កាល​ពីថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា​លោក​ ស៊ិន​ វិសាល ​ចៅក្រម​សាលា​ដំបូង​បាន​សម្រេច​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អឹមហ្វូន​ លក់ ​ផ្ទេរ​ ឬធ្វើ​អំណោយ​ភាគ​ហ៊ុន​ណា​មួយ​ឬ​ទាំង​មូល​ដែល​មាន​តម្លៃ​ស្មើ​នឹង​បំណុល​របស់​ Huawei​ ដែល​អឹមហ្វូន​ជំពាក់​នោះ​ទេ។​ លោក​ ស៊ិន​ វិសាល​ បាន​សរសេរ​ថា៖​ «ដើម្បី​ធានា​បាន​នូវ​ការ​អនុ​វត្ត​ដោយ​បង្ខំ​លើ​បំណុល​ដែល​ ក្រុម​ហ៊ុន​បាន​ជំពាក់​និ ង​ ដើម្បី​ការពារ​ប្រយោជន៍​ម្ចាស់​បំណុល​ដោយ​ស្រប​ច្បាប់​ពី​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​តុលាការ​គួរ​សម្រេច​ ហាម​ឃាត់អឹមហ្វូន​ មិន​ឲ្យផ្ទេរ​លក់​ ផ្លាស់​ប្តូរ​បញ្ចាំ​ ឬផ្តល់ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅក្នុង​ក្រុម​ហ៊ុនខ្លួនទៅឲ្យភាគី​ ផ្សេងៗ​ទៀត​ជា​បណ្តោះ​អាសន្ន ​ឡើយ​ដោយ​រង់​ចាំ​ដល់​តុលាការ​ សម្រេច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​រួចរាល់​សិន​»។ ប្រធាន​ទីផ្សាររបស់ Huawei​ Technologies សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​Huawei ជាក្រុមហ៊ុនផ្គត់​ផ្គង់​ អង់​តែន​ដល់​អឹម​ហ្វូន​។ លោក គួយ ធុនណា មេធាវីការពារឲ្យក្រុមហ៊ុន Huawei បានឲ្យដឹងថា មានហេតុផលពីរក្នុងការបង្កកទ្រព្យរបស់អឹមហ្វូន គឺហាមឃាត់មិនឲ្យផ្ទេរទៅឲ្យកូនចៅ ឬក្រុមគ្រួសាររបស់ពួកគេឡើយ។ លោកថ្លែងថា៖ «អ្នកជំពាក់បំណុលមិនចង់សងបំណុលឡើយដូច្នេះតុលាការ ត្រូវហាមឃាត់ជាមុន ហើយបន្ទាប់មក ពួកគេបញ្ជាឲ្យលក់ដើម្បីសងបំណុល។ ខ្ញុំគិតថា ការសម្រេចចិត្តនេះ ជាការល្អ ហើយខ្ញុំបានស្នើឲ្យអនុវត្តស្របតាមសាលក្រម»។ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បដិសេធមិនផ្តល់ចម្លើយទាក់ទងនឹងបញ្ហានេះទេ។ ប្រភពពីអឹមហ្វូន បានឲ្យដឹងថាក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុល ទាំងអស់នោះទេហើយគេត្រូវរង់ចាំការសម្រេចពីតុលាការ។ លោក ស៊ីម សារេន នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់អឹមហ្វូននៅកម្ពុជាបានឲ្យដឹងថា៖ «អឹមហ្វូនមិនមានលទ្ធភាពសងនូវចំនួនទាំងនេះទេដូច្នេះហើយបាន ជាក្រុមហ៊ុនដាក់រឿងនេះទៅរដ្ឋាភិបាលហើយរដ្ឋាភិបាល បញ្ជូនទៅតុលាការដូច្នេះ ឥឡូវយើងរង់ចាំការសម្រេចពីតុលាការ»។ ក្រុមហ៊ុនអឹម ហ្វូនបានដាក់ពាក្យក្ស័យធនកាលពីប៉ុន្មានសប្តាហ៍មុន។ ក្រុមហ៊ុននេះក៏ទទួលរងនូវករណីបណ្តឹងបង្កកទ្រព្យមិន ឲ្យលក់ផងដែរពីក្រុមហ៊ុន Eltek Valere របស់ន័រវែស ដែលអឹមហ្វូនជំពាក់៣,៧លានដុល្លារខណៈក្រុមហ៊ុន Hello Axiata និង Latelz គំរាមចាត់វិធានការផ្លូវច្បាប់ដែលអឹមហ្វូនមិនបានបង់ថ្លៃការតភ្ជាប់បណ្តាញ។ ក្រុមហ៊ុនThaicom របស់ថៃដែលជាម្ចាស់ហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនមេរបស់អឹមហ្វូន បានព្យាយាមលក់ហ៊ុន របស់ខ្លួនដោយមិនជោគជ័យមុនពេល ដាក់ពាក្យប្រកាសក្ស័យធន។ ក្រុមហ៊ុនThaicom មិនផ្តល់អត្ថាធិប្បាយស្តីពីចំនួនដែល ជំពាក់ឬតម្លៃទ្រព្យសម្បត្តិរបស់អឹមហ្វូនទេ ដោយបង្វែសំណួរទៅអឹមហ្វូននិងអាជ្ញាធរកម្ពុជា។ លោក Mathew Rendall ដៃគូជាមួយក្រុមហ៊ុនច្បាប់ Sciaroni and Associates មានមូលដ្ឋាននៅរាជធានីភ្នំពេញឲ្យដឹងថា ម្ចាស់បំណុលទំនងជាមិនទទួលបានប្រាក់ទាំងអស់ដែលជំពាក់នោះទេខណៈអ្នកផ្គត់ផ្គង់គ្រាន់តែ ជាម្ចាស់បំណុលដែលមានអាទិភាពទាប។ លោក Rendall បានថ្លែងថា៖ «ជាធម្មតានឹងមិនមានអ្វីនៅសល់ទេពីព្រោះថាបំណុល របស់ពួកគេច្រើនជាងទ្រព្យសម្បត្តិរបស់ពួកគេនោះហើយ ជាមូលហេតុដែលពួកគេក្ស័យធន។ ការយល់ឃើញរបស់ខ្ញុំគឺថាអាទិភាពដំបូងបំផុតគឺប្រាក់ខែ របស់បុគ្គលិកទីពីរខ្ញុំគិតថា ពន្ធរបស់រដ្ឋាភិបាល និងទីបីគឺម្ចាស់បំណុលអាទិភាព និងបន្ទាប់មកម្ចាស់បំណុលមិនអាទិភាព។ ប្រសិនបើម្ចាស់បំណុលណាដែលគ្រាន់តែមានកិច្ចសន្យាធម្មតា នោះពួកគេនឹងមានអាទិភាពនៅក្រោយគេ»៕ CS/PS ប្រភពព័ត៌មានពី៖ Phnom Penh Post

0 comments:

Post a Comment

 
អ្វី​ដែលជំរុញ​ឲ្យហូមស្តុកបង្កើតជាប្លុកគឺ ​ក្នុង​គោលគំនិត​រួម​ដែលចង់​ពង្រឹង និងពង្រីក​ភាសាខ្មែរឲ្យ​កាន់តែទូ​លំទូលាយ​នៅលើបណ្តាញ​អ៊ីនធើណេត ឲ្យកាន់តែសម្បូរជាងបច្ចុប្បន្ននេះ និង​ចូលរួម​ចំណែក​​ចែក​រំលែក​ជាបទពិសោធន៍ និងគន្លឹះ​ផ្សេងៗ​ជូនដល់​កូនខ្មែរទូទៅ ដែល​មានបំណង​ចង់​ដឹង និងស្វែងយល់​ពី​វិធី – របៀប ឬគន្លឺះ​នៃ​ការអនុវត្តន៍​ នានាដែល​ទាក់ទង​នឹងផ្នែក​ព័ត៌មានវិទ្យា​ជាដើម។ ឯកសារ និង​អត្ថបទមួយចំនួន​​ដែល​បាន​​ដាក់ផ្សាយ​ស្ទើរ​រៀង​រាល់​ថ្ងៃនេះ គឺ​ត្រូវបាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ល្បីនានា​ (បកប្រែ​ពី​ភាសាអង់គ្លេស) និងមួយចំនួន​ផ្សេងទៀត​ត្រូវបានរៀបចំ​ និង​បង្កើត​ឡើង​ដោយ​ប្លុកខ្ញុំបាទផ្ទាល់៕